គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សេណេហ្គាល់ : ប៉េប៉េអឹមមានវត្តមាននៅក្នុងឱកាសពិព័រណ៍ SENPHARMA លើកទី៩នៅទីក្រុងដាកា

កាលបរិច្ឆេទ: ១០ ឧសភា ២០២២ / សុខភាព

សហគ្រាសផលិតឱសថប៉េប៉េអឹមបានចូលរួមជាលើកទីមួយក្នុងពិព័រណ៍ SENPHARMA ដែលប្រព្រឹត្តទៅនៅសាលមហោស្រពដ៏ធំនៅទីក្រុងដាកា តាមរយៈការបោះស្តង់របស់ខ្លួននៅទីនោះ។ SENPHARMA គឺជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិឱសថ និងឧបករណ៍វេជ្ជសាស្រ្តនៅទីក្រុងដាកា។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងបំណងប្រមូលផ្តុំអ្នកដែលមានជំនាញ និងអាជីពផ្នែកសុខាភិបាលទាំងអស់ដើម្បីធ្វើការផ្តោះប្តូរបទពិសោធន៍គ្នាទៅវិញទៅមកក្នុងអំឡុងពេលពីរថ្ងៃ បង្កើតទំនាក់ទំនងរវាងសាស្រ្តាចារ្យសាកលវិទ្យាល័យ ឱសថការី​ ពេទ្យវះកាត់ និស្សិត អង្គការក្រៅរដ្ឋាភិបាល សាលាបណ្តុះបណ្តាល និងស្ថាប័នរដ្ឋនានា ដើម្បីអាចធ្វើការព្យាបាលអ្នកជំងឺឲ្យបានកាន់តែល្អប្រសើរ។ ប្រធានបទនៃពិព័រណ៍លើកទី៩នេះគឺ «វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ : ព័ត៌មានមិនពិត ការពិត ​វិធីសាស្រ្ត និងទស្សនវិស័យ»។

មិនថាឧហ្សាហកម្មឱសថ មន្ទីរពិសោធន៍ អ្នកលក់ឱសថបោះដុំ ក្រុមហ៊ុនធានារ៉ាប់រង សេវាកម្មឧបករណ៍វេជ្ជសាស្រ្ត ឬអ្នកជាប់ពាក់ព័ន្ធក្នុងវិស័យឯកជន និងរដ្ឋនោះទេ គឺសុទ្ធតែបានចូលរួមក្នុងពិព័រណ៍ទាំងអស់។ ចំណែកឯសាស្រ្តាចារ្យល្បីៗ ប្រធានមន្ទីរពេទ្យមួយចំនួនធំក៏មានវត្តមាននៅក្នុងឱកាសនោះដែរ។ ក្នុងនោះរួមមាន​ សាស្រ្តាចារ្យបណ្ឌិត Tandakha Ndiaye Diéye សាស្រ្តាចារ្យបណ្ឌិត Daye Ka​ សាស្រ្តាចារ្យបណ្ឌិត Khalifa Ababacar Wade សាស្រ្តាចារ្យបណ្ឌិត Guata Yoro Sy សាស្រ្តាចារ្យបណ្ឌិត Mamadou Coumé លោក Jupiter Sène សាស្រ្តាចារ្យបណ្ឌិត Sylvain Landry Faye ជាដើមដែលបានធ្វើសេចក្តីថ្លែងការណ៍ស្តីពីជំងឺកូវីដ១៩ ដែលបានរាតត្បាតពិភពលោកទាំងមូល។

នៅស្តង់របស់សហគ្រាសផលិតឱសថប៉េប៉េអឹម មានអ្នកចូលទស្សនាជាច្រើនដូចជា ឱសថការី និស្សិតឆ្នាំទី៦ និងគ្រូពេទ្យ ព្រមទាំងអនាគតអ្នកចែកចាយឱសថផងដែរ។ តំណាងរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមបានឲ្យដឹងថា ឱសថការី និងគ្រូពេទ្យជាច្រើនធ្លាប់ស្គាល់ផលិតផលរបស់សហគ្រាសរួចទៅហើយ ហើយផលិតផលខេមប្រូប៊ីយ៉ូទិកដែលមិនសូវមានអ្នកណាស្គាល់បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនា។ គុណប្រយោជន៍របស់ផលិតផលខេមប្រូប៊ីយ៉ូទិកត្រូវបានបង្ហាញ និងពន្យល់យ៉ាងល្អិតល្អន់ទាក់ទិននឹងបញ្ហាចម្បងផ្នែកអតុល្យភាពនៃមីក្រូប៊ីយ៉ូតនៅក្នុងពោះវៀន ដែលធ្វើឲ្យអ្នកស្តាប់មានទំនុកចិត្តទៅលើផលិតផលនេះ។

ពិព័រណ៍ SENPHARMA គឺជាឱកាសមួយដ៏ល្អសម្រាប់តំណាងរបស់សហគ្រាសយើងក្នុងការបង្កើតទំនាក់ទំនងជាមួយសមាគមនិស្សិតផ្នែកឱសថសាស្រ្តដែលប្រមូលផ្តុំទៅដោយនិស្សិតតាំងពីឆ្នាំទីមួយរហូតដល់ថ្នាក់បណ្ឌិត ព្រោះថាសមាគមនេះតែងតែរៀបចំឲ្យមានសិក្ខាសាលាជាញឹកញាប់ ហើយសមាគមចង់ឲ្យសហគ្រាសរបស់យើងចូលរួមចំណែកក្នុងសិក្ខាសាលាទាំងនោះផងដែរ៕